នៅពេលថ្ងៃ នាថ្ងៃមួយក្នុងរដូវក្ដៅ ចួងជឺទម្រេតខ្លួនសម្រាកក្រោកម្លប់ឈើមួយ ហើយក៏លង់លក់ ទៅ ។ គាត់យល់សប្ដិឃើញថា ខ្លួនគាត់ក្លាយទៅជាមេឃុំបៅដ៏ល្អស្រស់ មានពណ៌ចម្រុះស្អាតអស្ចារ្យ ហើរចុះហើរឡើងក្រឡឹងជុំវិញបុប្ជាដែលកំពុងរីកស្គុះស្គាយ ចោលក្លិនក្រអូប ឈ្ងុយឈ្ងុប ប្រកបដោយក្ដីសុខក្នុងចិត្ដយ៉ាងក្រៃលែង ។ រំពេចនោះ មានខ្យល់បក់យ៉ាងខ្លាំងមួយវឹបមកប្រៀបដូចជាដាស់អង្រួនគាត់អោយឲ្យបើកភ្នែកឡើង ។ គាត់ទទួលអារម្មណ៍ថាខ្លួនឯងជា ចួងចូវ ទេតើ? ( ចួងចូវ ជាឈ្មោះដើមរបស់គាត់ ) ។ គាត់រេភ្នែកសម្លឹងទៅជុំវិញខ្លួន យកដៃអង្អែលក្បាលខ្លួនឯងហើយគិតក្នុងចិត្ដថា៖
“ អេ!... រឿងនេះវាយ៉ាងម៉េចអញ្ចេះ? ចួងចូវ យល់សប្ដិឃើញថាខ្លួនក្លាយជាមេអំបៅ ឬមួយមេអំបៅយល់ សប្ដិឃើញថា ខ្លួនក្លាយជា ចួងចូវ ? គួរអោយចម្លែកណាស់!... ចួងចូវនិងមេអំបៅ វាគ្មានអ្វីត្រូវដូចគ្នាទាល់តែសោះ?“
នៅពេល ចួងជឺ កំពុងតែអង្គុយលង់នឹងគំនិតដែលថា តើខ្លួនឯងនេះជាចួងចួវឬជាមេអំបៅនោះ សិស្សរបស់គាត់ ដែលមិនធ្លាប់ឃើញទឹកមុខគាត់ស្រងូតស្រងាត់បែបនេះ ហើយពួកគេដឹងថា គ្រូរបស់ខ្លួន គឺជាអ្នកត្រាស់ដឹងដ៏ អស្ចារ្យម្នាក់... តែពេលនេះ ហេតុអ្វីក៏ទៅជាអញ្ចឹង? គេក៏ប្រញាប់សួរ៖
“ លោកគ្រូមានរឿងអ្វីឬ? តើពួកខ្ញុំអាចជួយអ្វីលោកគ្រូបានទេ? ”
ចួងជឺ ឆ្លើយទាំងភ្នែកសម្លឹងមើលទៅឆ្ងាយ...
“ យើងមិនគិតថា ពួកឯងអាចនឹងជួយអ្វីយើងបានទេ!... ”
សិស្សនៅតែមិនអស់ចិត្ដ...
“ តែទោះបីជាយ៉ាងណាក៏ដោយ... ពួកយើងចង់ដឹងថា តើអ្វីទៅដែលធ្វើអោយលោកគ្រូលំបាកចិត្ដដូច្នេះ? ព្រោះជាធម្មតា លោកគ្រូតែងតែអាចយកឈ្នះលើគ្រប់បញ្ហាទាំងឡាយ មិនមែនទេឬ? ”
ចួងជឺ ឆ្លើយ...
“ យើងធ្លាប់តែអញ្ចឹងមែន!... តែអំបាញ់មិញនេះ យើងយល់សប្ដិដល់រឿងមួយ វាធ្វើឲ្យការឈ្វេងយល់ផ្សេងៗរបស់យើងទៅជាច្របូកច្របល់... ការភ្លឺស្វាងទាំងឡាយរបស់យើង វាក្លាយទៅជាស្រពេចស្រពិលវិញអស់ហើយ ”
កូនសិស្សបើកភ្លែកធំៗ...
“ គ្រាន់តែរឿងយល់សប្ដិប៉ុណ្ដឹងឬ? ”
ចួងជឺ បន្ដ...
“ វាមិនមែនត្រឹមតែការយល់សប្ដិប៉ុណ្ណោះទេ!... តែវាបានហែកហួកម្ទេចយើងឲ្យទៅជាចម្រៀកៗទៀតផង! ”
“ បើអញ្ចឹង សូមលោកគ្រូជួយរៀបរាប់ពីរឿងយល់សប្ដិឲ្យពួកយើងបានដឹងផងមកមើល!... ” សិស្សនាំគ្នាសំណូមពរ
ចួងជឺ រៀបរាប់ថា ខ្លួនក្លាយទៅជាមេអំបៅ ឯសិស្សនាំគ្នាសើច...
“ រឿងប៉ុណ្ដឹង ហេតុអីក៏លោកគ្រូកើតទុក្ខសម្បើមម្លេះ? វាគ្រាប់តែជារឿងយល់សប្ដិធម្មតាៗប៉ុណ្ណោះ! មានរឿងអ្វីត្រូវភ័យ... មនុស្សយើងតែងតែយល់សប្ដិឃើញខ្លួនឯងក្លាយជាសត្វនេះ សត្វនោះ គ្រប់បែបយ៉ាងអញ្ចឹងឯង! ”
ចួងជឺ បញ្ជាក់បន្ថែម...
“ យើងដឹងហើយថា យល់សប្ដិគឺយល់សប្ដិ...ប៉ុន្ដែអ្វីដែលយើងបារម្ភនោះគឺ តើខ្លួនយើងជាអ្វីពិតប្រាកដទៅ? តើខ្លួនជាមេអំបៅ ឬមួយយើងជាមេអំបៅ ដែលកំពុងយល់សប្ដិឃើញចួងជឺ? ពេលនេះ យើងកំពុងតែឆ្ងល់ថា តើយើងថា ចួងជឺ ឬជាមេអំបៅ?
ប្រសិនបើយើងអាចយល់សប្ដិឃើញថា ខ្លួនក្លាយទៅជាមេអំបៅបានយើងក៏មិនអាចនឹងប្រកែកដែរថា មេអំបៅវាកំពុងតែដេកលក់នៅនឹងដើមកុលាបហើយយល់សប្ដិឃើញថា ខ្លួនក្លាយជា ចួងជឺ នោះដែរ... តើយើងអាចហាមឃាត់វាបានដែរឬទេ? សំណួរដែលយើងចង់សួរគឺ តើពេលនេះយើងភ្ងាក់ហើយឬនៅ? ឬមួយយើងគ្រាប់តែជាមេអំបៅដែលកំពុងយល់សប្ដិឃើញ ចួងជឺ?... ”
ពួកកូនសិស្សនាំគ្នាក្រឡេកមើលមុខគ្នាឡឹងឡង់ៗ មិនដឹងថាតើត្រូវឆ្លើយនឹងគាត់ថាម៉េច... តាចាស់នេះចេះតែរកនឹកឃើញរឿងប្លែកៗមិនចេះចប់ មិនដឹងថាយ៉ាងមិចគាត់?... គេឯងរាប់លាននាក់ រាប់ម៉ឺនរាប់សែនឆ្នាំមកហើយ មិនដែលមាននរណានឹកឃើញដាក់សំណួរបែបហ្នឹងសោះ!... ”
ចួងជឺ ឃើញសិស្សនៅស្ងៀមធ្មឹងដូច្នេះ គាត់ពោលបន្ដ...
“ ចូរអ្នកទាំងអស់គ្នានាំគ្នាអង្គុយតាំងសមាធិ ហើយរកចម្លើយយកមកឲ្យយើងថា តើយើងជានរណា? ”
ពួកសិស្សមើលមុខគ្នា នឹកអស់សំណើចតែក្នុងពោះ តើធ្វើសមាធិស្អីបើឃើញគាត់នៅជ្រងោៗទៅហើយ?... ឲ្យធ្វើយ៉ាងមិចទៀត?... តើត្រូវរកចម្លើយយ៉ាងមិច?... គិតយ៉ាងមិចចេញ?
សិស្សជំនិតរបស់ ចួងជឺ ម្នាក់ឈ្មោះ លៀជឺ ទើបតែត្រឡប់មកដល់ពីភូមិនៅក្បែរនោះ ឃើញសភាពគ្រូនិងសិស្សទាំងអស់កំពុងតែបិទភ្នែក តែពួកគេមិនអាចគិតអ្វីឃើញទាំងអស់។ លៀជឺ សួរទៅសិស្សម្នាក់ថា៖
“ អ្នកទាំងអស់គ្នាមានរឿងអ្វីទៅ? ” អីក៏ហាក់ដូចជាធំដុំម្លេះ? យើងមិនដែលឃើញអ្វីដែលហាក់ដូចជាធ្ងន់ធ្ងរដូចពេលនេះឡើយ... ហេតុអីក៏លោកគ្រូមានទឹកមុខស្រងូតស្រងាត់បែបហ្នឹង? មាននរណាស្លាប់ឬ? ”
សិស្សម្នាក់ឆ្លើយ...
“ គាត់បង្កើតរឿងផ្ដេសផ្ដាសមកទៀតហើយ... គ្មានអ្នកណាស្លាប់ ហើយក៏គ្មានរឿងអីកើតឡើងដែរ... តែគាត់កំពុងតែដាក់ទណ្ឌកម្មពួកយើង គ្មានរឿងអីធ្វើ គាត់បង្ករឿងឲ្យពួកយើងអង្គុយសមាធិលេងអញ្ចឹងទៅ!... ”
ពោលរអ៊ូរួចហើយ សិស្សម្នាក់នោះក៏រៀបរាប់រឿងប្រាប់ ។
លៀជឺ ក៏និយាយបន្ធួក្ដីតានតឹង...
“ ឯងកុំព្រួយ!... ធ្វើសមាធិសិនទៅ!... ខ្ញុំទៅឯណោះបន្ដិច... បន្ដិចទៀតខ្ញុំត្រឡប់មកវិញហើយ!... ”
គេចេញទៅបាត់មួយសន្ទុះធំរួចក៏ត្រឡប់មកវិញ យួរទឹកមួយធុងយ៉ាងត្រជាក់ស្រេបដូចទឹកកក យកមកស្រោចឈួពីលើ ចួងជឺ ។ ចួងជឺ និយាយទាំងអស់សំណើចថា...
“ ប្រសិនបើឯងម៉ោមិនទាន់មិនទាន់ទេ... ប្រាកដជាពុំមានអ្នកណាជួយពួកល្ងីល្ងឺទាំងនេះបានឡើយ! ពួកវាធ្វើដូចជារឿងធំសម្បើមណាស់ មិនដឹងជាកំពុងគិតដល់ណាទេ!... ហើយឯងក៏បានជួយយើងឲ្យផុតទុក្ខបានមួយគ្រាផងដែរ...បានហើយ! បានហើយ... ឈប់ចាក់ទៀតទៅ យើងរងាណាស់! ”
លៀជឺ សួរទៅលោកគ្រួ៖
“ តើប៉ុណ្ណឹង ដោះស្រាយបានហើយឬនៅលោកគ្រូ? ”
“ បាន! ៗ ៗ ... ឯងគឺជាអ្នកស្នងបន្ដវេនពីយើង!... ”
សំណួរនេះ យើងមិនអាចប្រើចិត្ដឲ្យដោះស្រាយទេ ។ ពេលខ្លវិធីងាយៗក៏អាចដោះស្រាយបញ្ហាបានល្អជាងការគិតទៅទៀត ។
❀កត់ត្រានៅក្នុង “អូស្ហូ”
❀❀❀ចូងជឺ មានរឿងនិទានរាប់រយរឿង សុទ្ធសឹងតែជារឿងចម្លែកៗ...គាត់គឺជាអច្ឆរិយបុគ្គម្នាក់ ដែលសូម្បីគ្រាន់តែប្រឌិតរឿងមកក៏មិនមែនជាការងាយប៉ុន្មានដែរ...
តែពាក្យប្រៀនប្រដៅរបស់គាត់ បែរជាងាយស្រួលទៅវិញ ។
ការតាំងសមាធិ ពុំមែនជារឿងដែលត្រូវប្រើចិត្ដនោះឡើយ...
ការសមាធិ មានន័យថា យកចិត្ដទៅទុកមួយកណ្ដុប
គឺជាសភាវៈដែលពុំមានចិត្ដ...ជាការស្ងប់ស្ងៀមយ៉ាងពេញលេញ
សូម្បីតែការគិតបន្ទិចបន្ទួចក៏ពុំមានដែរ ។
ចួងជឺ មានវិធីដ៏ពិសេសម្យ៉ាងដែលខុសពីគេ
គាត់លើកយករឿងតែពីសតែពាសមកនិយាយ...
គឺរឿងដែលចិត្ដមិនអាចគិតឃើញបាន...
ចិត្ដតែងត្រូវការអ្វីៗដែលជាហេតុផល មានតក្ដៈ សម្រាប់ពិចារណាតែ
ចំពោះ “ រឿងអត់ស្ដេច ” មិនមែនជារឿងអាចពិចារណាបាននោះទេ
ដូចជារឿងយល់សប្ដិរបស់គាត់នេះ...
ទោះបីអង្គុយគិតរាប់ឆ្នាំក៏នៅតែពិបាកឆ្លើយ...
បែរជាចាញ់ទឹកត្រជាក់មួយធុងទៅវិញ...
ធ្វើឲ្យគាត់រកឃើញថា ខ្លួនឯងជា ចួងជឺ មែន
លែងសង្ស័យថា ខ្លួនឯងជាមេអំបៅអ្វីទៀតហើយ... ។❀❀❀
Post a Comment