សង្រ្គាមការទូត កំពុងតែចាប់ផ្តើមឆាបឆេះ រវាងប្រទេសអារ៉ាប់មហាសេដ្ឋីប្រេង នៅតំបន់ដើមបូព៌ា ។ នៅព្រឹកថ្ងៃចន្ទទី ៥ មិថុនានេះ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអេមៀរ៉ាត់ អារ៉ាប់រួម ប្រទេសអេហ្ស៊ីប និងប្រទេសបារ៉ែន បានប្រកាសជាបន្តបន្តាប់ ថាគេផ្តាច់ទូត និងបិទព្រំដែនជាមួយប្រទេសកាតា។ យោងតាមលិខិតជូនដំណឹងផ្លូវការ ប្រទេសកាតា ត្រូវបានក្រុមប្រទេសអារ៉ាប់ទាំងនោះ ចោទប្រកាន់ថាជាប្រទេសក្បត់ ដោយបានគាំទ្រទំនុកបំរុង ចលនាភេវកម្ម។ កាតាបានឆ្លើយតបវិញថា ទាំងអស់នេះ គឺជារៀបចំបំប៉ោង ដោយសារតែគេចង់ ត្រួតត្រាលើអធិបតេយ្យភាពរបស់កាតា តែមិនបានសម្រេច។
កាតាត្រូវបានគេចោទ ថាបានគាំទ្រចលនាភេរវនិយម
ខ្យល់ព្យុះពាក្យសំដី កំពុងបោកបក់មកលើប្រទេសអារ៉ាប់ដំបន់ដើមបូព៌ា ឈូងសមុទ្រពែក្ស។ កាតា កូនប្រទេសមហាសេដ្ឋីអារ៉ាប់ កំពុងត្រូវគេឡោមព័ទ្ធដោយពាក្យសម្តីចោទប្រកាន់។ អារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអេមៀររ៉ាត់អារ៉ាបរួម បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ នៅវេលាព្រឹកថ្ងៃចន្ទ ទី៥ មិថុនាថាប្រទេសគេ ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានផ្សាយថា អារ៉ាប៊ីសាអូឌីត និងបិទទូត ហើយបិទព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមួយនឹងកាតា។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានលើកឡើងថា អារ៉ាប៊ីសាអូឌីត បានចេញវិធានការនេះ គឺដើម្បីការពារសន្តិសុខអារ៉ាប៊ីសាអូឌីត ព្រោះថាកាតា បានចូលរួមគាំទ្រក្រុមចលនាភេរវកម្ម និងពួកជ្រុលនិយម។
ដោយឡែក អេហ្ស៊ីបវិញ បានបញ្ជាក់ថា គេបានសម្រេចផ្តាច់ទំនាក់ទំនងទូត ជាមួយកាតានេះ ក៏ដោយសារតែកាតា បានបង្កើនគោលនយោបាយប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីប កាន់តែខ្លាំងឡើងៗ។ ចំណែកអេមៀរ៉ាត់ អារ៉ាបរួម និងបារ៉ែន បានបញ្ជាក់ថា ចាប់ពីថ្ងៃអង្គារទៅ គេនឹងបិទ មិនឲ្យមានជើងយន្តហោះ ជាមួយនឹងប្រទេសកាតាទេ រហូតទាល់តែមានការចេញបទបញ្ជាថ្មី។
ប្រជាជនកាតា នៅតាមប្រទេសទាំង៤នេះ មានពេល១៤ថ្ងៃ ដើម្បីចាកចេញពីប្រទេសគេ ហើយចំណែកបុគ្គលិក មន្ត្រីការទូតរបស់កាតា មានពេល៤៨ម៉ោង ដើម្បីចាកចេញ។ ប្រទេសទាំងបួននេះ ក៏បានហាមឃាត់ប្រជាជនខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកាតាដែរ។ សម្ព័ន្ធយោធាអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងកំពុងតែធ្វើប្រតិបត្តិការនៅយេមែន នោះ ក៏បានសម្រេចដកកាតាចេញដែរ។
ជារួម ប្រទេសទាំងបួន មានអារ៉ាប៊ីសាអូឌីត អេមៀរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានចោទប្រទេសកាតា ថាបានគាំទ្រចលនាភេរវកម្ម មានដូចជា ចលនាអាល់កាយដា ចលនាបងប្អូនអ៊ីស្លាម និងចលនាជីហាតអង្គការរដ្ឋអ៊ីស្លាម។
សង្រ្គាមពាក្យសំដីលើបណ្តាញព័ត៌មាន ថាកាតា កាន់ជើងអ៊ីរ៉ង់
សង្រ្គាមពាក្យសំដីបានចាប់ផ្តើមមានតាំងតែពី២សប្តាហ៍មកហើយ ពោលគឺក្រោយពេលលោកដូណាល់ ត្រាំ ទៅអារ៉ាប៊ីសាអូឌីត។ ក្នុង ឱកាសនោះ លោកដូណាល់ ត្រាំ បានចង្អុរមុខអ៊ីរ៉ង់ ហើយបានពន្យុះឲ្យប្រទេសអារ៉ាប់ផ្សេងទៀត ឲ្យនាំគ្នាតតាំងជាមួយអ៊ីរ៉ង់ ដែលលោកដូណាល់ ត្រាំ ចោទថាគឺជាអ្នកចិញ្ចឹមបណ្តាញភេរវកម្ម។
សង្រ្គាមការទូតរវាងប្រទេសអារ៉ាប់ទាំងបួននេះ ជាមួយនឹងកាតា បានចាប់ផ្តើមឡើង កាលពី២សប្តាហ៍មុននេះ តាមរយៈសង្រ្គាមនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន។ បណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់ បានលើកឡើងថា ប្រមុខដឹកនាំកាតា គឺលោក តាមីម បេនហាម៉ាដ អាល់ថានី បាននិយាយសម្តីដែលមានខ្លឹមសារកាន់ជើងអ៊ីរ៉ង់។
ការចោទប្រកាន់របស់បណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីត និងអេមៀររ៉ាត់ គឺដោយយោងទៅលើអត្ថបទ ផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កាតា (QNA) ដែលទីភ្នាក់ងារនេះ បានស្រង់សំដីរបស់លោក តាមីម បេនហាម៉ាដ អាល់ថានី ថា បាននិយាយថា “ អ៊ីរ៉ង់គឺជាមហាអំណាចអ៊ីស្លាមមួយក្នុងតំបន់ ដែលមានតួនាទីធំ មិនគួរមើលរំលង ហើយការប្រឈមមុខតទល់ជាមួយអ៊ីរ៉ង់ គឺជាជម្រើសមួយដែលមិនប្រយ័ត្នប្រយែងឡើយ”។ ប្រភពដដែលនេះបានបន្តថា លោកប្រមុខរដ្ឋាភិបាលកាតា បានចំអកថា អារ៉ាប៊ីសាអូឌីត គួរណាតែគិតគូរពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនខ្លួន ជាជាងចំណាយប្រាក់មហាសាល ទៅទិញគ្រឿងសព្វាវុធ ពីអាមេរិក ទុកច្បាំងជាមួយអ៊ីរ៉ង់។
គឺសំដីនេះហើយ ដែលអារ៉ាប៊ីសាអូឌីត អេមៀរ៉ាត់ អេហ្ស៊ីប និងបារ៉ែន នាំគ្នាយកទៅបកស្រាយ ថាកាតា កំពុងកាន់ជើងអ៊ីរ៉ង់ ហើយគាំទ្រចលនាភេវកម្មនានា។ ក៏ប៉ុន្តែ រដ្ឋាភិបាលកាតា បានឆ្លើយតបមកវិញថា នេះគឺជាការប្រឌិតទាំងស្រុង។ លោក ប្រមុខរដ្ឋាភិបាលកាតា មិនបាននិយាយសម្តីនេះទេ។ គឺគេហទំព័រអ៊ីនធើនែត របស់ទីភ្នាក់ងារព័ត៌មានផ្លូវការកាតា ត្រូវបានចោរព័ត៌មានវិទ្យា ចូលមកលុកលុយ ហើយបានបង្ហោះផ្សាយព័ត៌មានប្រឌិតនេះ។
តែយ៉ាងណា ខាងអារ៉ាប់ប៊ីសាអូឌីត និងសម្ព័ន្ធមិត្ត មិនបានទទួលយកហេតុផលនេះឡើយ ហើយសង្រ្គាមលើប្រព័ន្ធផ្សព្វផ្សាយ កាសែត ទូរទស្សន៍ កាន់តែរីកធំឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អារ៉ាប៊ីសាអូឌីត បានបិទខ្ទប់គេហទំព័រអ៊ីនធើនែត និងប្រព័ន្ធផ្សព្វផ្សាយរបស់កាតា មានដូចជាទូរទស្សន៍ Al-Jazeera ជាដើម។
ដូណាល់ ត្រាំ ជួយបំផ្ទុះវិបត្តិផ្ទៃក្នុង នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(CCG)
កាតា អារ៉ាប៊ីសាអូឌីត អេមៀរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែន សុទ្ធតែជាប្រទេសសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ យើងមិនអាចប្រកែកថា នៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនេះ គ្មានវិបតិ្តបានទេ។ វាគឺជាជំងឺរ៉ាំរ៉ៃ យូរមកហើយ។ ប្រភពនៃបញ្ហាគឺ កើតចេញពីចរន្តផ្សព្វផ្សាយសាសនាអ៊ីស្លាម របស់ប្រទេសទាំងនោះ។ អារ៉ាប៊ីសាអូឌីត គឺជាប្រភពនៃការសាបព្រួសទ្រឹស្តីអ៊ីស្លាម សាល់អាហ្វីស្ត៍ ខណៈដែលកាតា មានទំនោរគាំទ្រក្រុមចលនាបងប្អូនអ៊ីស្លាម រឺហៅជាភាសាបារាំងថា Les Frères Musulmans។
ចលនាបងប្អូនអ៊ីស្លាមនេះ ជាចរន្តអ៊ីស្លាមស៊ូនីតមួយបែបទៀត មានប្រភពនៅអេហ្ស៊ីប ហើយដែលជាគូរប្រជែងរបស់ចរន្តសាល់អាហ្វីស្ត៍របស់អារ៉ាប៊ីសាអូឌីត។ កាតាធ្លាប់ត្រូវបានគេចោទ ថាបានជួយទំនុកបំរុង ចលនាបងប្អូនអ៊ីស្លាមនេះ។ មិនត្រឹមតែប៉ុណ្ណោះ កាតា ក៏ត្រូវគេចោទថាមានទំនោរគាំទ្រក្រុមហេបូឡា នៅលីបង់ដែរ។ ក្រុមនេះ ក៏ស្និទនឹងអ៊ីរ៉ង់ទៀត។
កាលពីឆ្នាំ២០១៣ នៅពេលលោកអាល់ស៊ីស៊ី បានធ្វើរដ្ឋប្រហាររំលំរបបដឹកនាំរបស់ ម៉ូហាម៉េដ ម៉កស៊ី ដែលជាសកម្មជនរបស់ចរន្តបងប្អូនអ៊ីស្លាម កាតា បានប្រើទូរទស្សន៍ Al Jazeera ដើម្បីរិះគន់ លោកអាល់ស៊ីស៊ី។ រដ្ឋាភិបាលលោកអាល់ស៊ីស៊ី ដែលស្និទនឹងអារ៉ាប៊ីសាអូឌីត បានទាមទារឲ្យទូរទស្សន៍ Al Jazeera ឈប់ផ្សាយលំអៀងទៅខាងចលនាបងប្អូនអ៊ីស្លាមតទៅទៀត។ ឆ្នាំ២០១៤ អារ៉ាប៊ីសាអូឌីត និងកាតា ក៏បានផ្តាច់ទូតនឹងគ្នា អស់៩ខែដែរ ដោយសារបញ្ហានេះ។
វិបត្តិនេះ វាបានបូកបន្ថែម ជាមួយនឹងបញ្ហាអ៊ីរ៉ង់ ក្នុងពេលនេះ។ លោកដូណាល់ ត្រាំ បានឆ្កិះកកាយដំបៅនេះ ឲ្យកាន់តែរីកធំ ដោយបានប្រកាសពន្យុះឲ្យប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នាំគ្នាស្អប់អ៊ីរ៉ង់។ កន្លងមក គោលជំហររបស់ក្រុមប្រឹក្សានេះជាមួយនឹងអ៊ីរ៉ង់ គឺវាអាស្រ័យទៅតាមប្រទេសសមាជិកនីមួយៗ។ អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់អារ៉ាប់រួម រឹងរូសខ្លាំងជាងគេជាមួយអ៊ីរ៉ង់។ តែចំណែកកាតា អូម៉ង់ ឬកូវ៉េត គឺគេមានឆន្ទៈទន់ និងរួមរួមជាង មិនចង់ធ្វើឲ្យអ៊ីរ៉ង់ ទ័លច្រកឡើយ។
ក្រោយពីបានពន្យុះឲ្យអារ៉ាប៊ីសាអូឌីត ទិញអាវុធពីខ្លួន ទុកដើម្បីធ្វើសង្រ្គាមទប់ទល់ជាមួយអ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានធ្វើឲ្យតំបន់ឈូងសមុទ្រពែក្ស មានបញ្ហាថ្មីមួយទៀត គឺការបែកបាក់ផ្ទៃក្នុង។ ការបែកបាក់ផ្ទៃក្នុង ផ្តាច់ទំនាក់ទំនងទូតនេះ នឹងអាចជះជាផលអវិជ្ជមាន លើវិស័យហិរញ្ញវត្ថុរបស់កាតា និងដល់ការផលិត និងនាំចេញប្រេងឆៅចេញ របស់ប្រទេសឈូងសមុទ្រ។ ទីផ្សារប្រេងនៅតំបន់ដើមបូព៌ា អាចនឹងធ្លាក់ចុះ ទុកឱកាសឲ្យការផលិតប្រេងឆៅរបស់អាមេរិក វាយលុកទីផ្សារវិញម្តង៕
Post a Comment