Articles by "SHORT STORY"

ចោរម្នាក់បានលួចចូលទៅក្នុងផ្ទះមួយនាពេលយប់ស្ងាត់។ គេបានយកមកជាមួយនូវបន្ទះសាច់ជាច្រើនដើម្បីផ្គាប់ផ្គន់
ឆ្កែយាមផ្ទះមួយក្បាល ដោយរំពឹងថាវានឹងមិនបញ្ចេញជា សំលេងព្រុសដល់ម្ចាស់វាឡើយ។

ចោរនោះបានបោះសាច់ទាំងនោះអោយទៅឆ្កែ។ ឆ្កែនិយាយថា៖
..."បើសិនជាលោកគិតថានឹងបំបិទមាត់របស់ខ្ញុំដោយការធ្វើល្អរបៀបនេះ ឬក៍ចង់បានការគោរពីខ្ញុំដោយរង្វាន់បែបនេះនោះ
លោកគិតខុសយ៉ាងធំអនេក។ ផ្តល់របស់អោយខ្ញុំនូវអ្វីដែលខ្ញុំមិនធ្លាប់រំពងគិតថានឹងបានបែបនេះ លោកប្រាកដជាចង់ទាញ
យកផលប្រយោជន៍អ្វីមិនខាននៅទីបញ្ចប់ ហើយអាចផ្តល់ទុក្ខទោសដល់ម្ចាស់ខ្ញុំទៀត។ ម្យ៉ាងវិញទៀត វាក៍មិនមែនជាពេល
ដែលខ្ញុំត្រូវទទួលទានអាហារដូចសព្វដងដែរ។ នេះកាន់តែធ្វើអោយខ្ញុំសង្ស័យលើលោកខ្លាំងឡើងថែមទៀត។"

=======

នរជនណាផ្តល់អ្វីមួយទៅដល់អ្នកយាមកាម ខុសកាល
ខុសបែបបទ ដែលសមគួរនោះ នរជននោះជាជនមិន
ស្មោះត្រង់ឡើយ។



មាន​សេដ្ឋី​ម្នាក់​កំពុង​ភ្លឹក​ជិត​ស្លាប់ ហើយ​ក៏​មាន​យមរាជ​​បង្ហាញ​ខ្លួន​ដើម្បី​មក​ទទួល​វិញ្ញាណ​របស់​សេដ្ឋី​ម្នាក់​នោះ។ សេដ្ឋី​សួរ​យមរាជ​ថា៖
“ពេល​ខ្ញុំ​ស្លាប់​ហើយ តើ​ខ្ញុំ​នឹង​ត្រូវ​ឡើង​ឋានសួគ៌​ ឬ​ចុះ​នរក?”
“ចុះ​នរក!” យមរាជ​ពោល
សេដ្ឋី​នៅ​ពេល​បាន​ឮ​​​បែប​នេះ​​ហើយ​ក៏​មាន​អារម្មណ៍​ខឹង​ច្រឡោត​ភ្លាម និង​សួរ​ត្រលប់​ទៅ​យម​រាជ​វិញ​ថា៖
“ហេតុ​អី​ខ្ញុំ​ត្រូវ​ធ្លាក់​នរក? ខ្ញុំ​ខំ​ចំណាយ​លុយ​កសាង​វត្ត កសាង​វិហារ សាលារៀន​មួយ​គំនរ មាន​ទាំង​បរិច្ចាគ​លុយ​ឲ្យ​អង្គការ​​​ជា​ច្រើន​ទៀត ហេតុ​អី​ខ្ញុំ​នៅ​តែ​ត្រូវ​ចុះ​នរក ខ្ញុំ​មិន​ព្រម​ដាច់​ខាត!”
“បើ​ឯង​មិន​សុខ​ចិត្ត យើង​នឹង​ឲ្យ​ពេល​ឯង​មួយ​អាទិត្យ​​ទៀត ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​នេះ បើ​ឯង​​អាច​ទទួល​បាន #ស្នាមញញឹមចេញពីចិត្ត​តែ​៣​ដង ឯង​នឹង​អាច​ឡើង​ឋានសួគ៌​បាន!”
សេដ្ឋី​ស្ដាប់​ហើយ​ធូរ​ស្រាល​ចិត្ត​ពន់ពេក ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា
“អី​គេ​គ្រាន់​តែ​ស្នាម​ញញឹម​ពី​ចិត្ត​៣​ដង ​មាន​អី​ទៅ​លំបាក!”
នៅ​ពេល​យមរាជ​​រលាយ​ខ្លួន​បាន​ទៅ​ សេដ្ឋី​ក៏​​រក​នឹក​ថា​អ្នក​ណា​ជា​មនុស្ស​ដំបូង​ដែល​នឹង​ផ្ដល់​ស្នាម​ញញឹម​ពីចិត្ត​ឲ្យ​​ខ្លួន​បាន។ ទឹក​មុខ​របស់​ភរិយា​​ក៏​លេច​ធ្លោ​ក្នុង​ការ​គិត​របស់​គាត់។ គាត់​និង​ប្រពន្ធ​បាន​រៀបការ​ជាមួយ​គ្នា​សែសិប​ឆ្នាំ​ហើយ។ ភរិយា​នេះ​ហើយ​ដែល​​គួរ​ផ្ដល់​ស្នាមញញឹមពី​ចិត្ត​ឲ្យ​គាត់​ដំបូង​គេ ដូច្នេះ​គាត់​ក៏​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​​ទិញ​គ្រឿង​ពេជ្រ​មួយ​ឈុត​ធំ​​ប្រគល់​ឲ្យ​ប្រពន្ធ។ នៅ​ពេល​​បាន​ទទួល​អំណោយ​នេះ ប្រពន្ធ​របស់​គាត់​ត្រេក​អរ​ ហើយ​ក៏​ចម្លែក​ចិត្ត​យ៉ាង​ខ្លាំង។
ប៉ុន្តែ​យមរាជ​ក៏​និយាយ​ប្រាប់​សេដ្ឋី​ថា៖
“នេះ​មិន​មែន​ជា​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​​ពិត​ៗ​នោះ​ទេ នាង​គ្រាន់​តែ​ត្រេកអរ​ដែល​បាន​ទទួល​​គ្រឿង​ពេជ្រ​នេះ​ប៉ុណ្ណោះ”
សេដ្ឋី​មាន​អារម្មណ៍​ចម្លែក​ចិត្ត​ជាមួយ​ពាក្យ​សម្ដី​របស់​យមរាជ ក៏​ខំ​ទៅ​ទិញ​ឡាន ទិញ​ផ្ទះ​​​ឲ្យ​ប្រពន្ធ​ទៀត ដោយ​គិត​ថា​ប្រពន្ធ​របស់​គាត់​ប្រាកដ​ជា​ពេញ​ចិត្ត។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក ប្រពន្ធ​របស់​គាត់​សប្បាយ​ចិត្ត​ខ្លាំង​តែ​ស្នាម​ញញឹម​របស់​គាត់​នៅ​តែ​​ត្រូវ​បាន​យមរាជ​និយាយ​ថា​មិនមែន​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ឡើយ។
ពេល​វេលា​កន្លង​ផុត​ចូល​ថ្ងៃ​ទី​៣​ហើយ សេដ្ឋី​កាន់​តែ​មាន​អារម្មណ៍​ក្រហល់ក្រហាយ​ក្នុង​ចិត្ត ព្រោះ​គាត់​មាន​ពេល​វេលា​នៅ​សល់​តែ​​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ មនុស្ស​ដែល​គាត់​គិត​ថា​នឹង​អាច​ទទួល​​បាន​ស្នាម​ញញឹម​​ដំបូង ក៏​មិន​អាច​ទទួល​បាន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​របស់​គាត់​ឡើយ។
ព្រឹក​ថ្ងៃ​ទី​៤ គាត់​ក៏​ក្រោក​តាំង​ពី​ព្រលឹម ដោយ​គិត​ថា​ខ្លួន​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ទៀត​ហើយ ហើយ​អ្វី​ដែល​គាត់​គួរ​ផ្ដល់​ឲ្យ​ភរិយា​​គាត់​ក៏​បាន​ធ្វើ​អស់​ហើយ។ គាត់​ដើរ​បណ្ដើរ​គិត​បណ្ដើរ​រហូត​ចូល​មក​ដល់​ចង្ក្រាន​បាយ ​ក៏​ទាញ​ខ្ទះ​​មក​ចៀន​ពង​ទា និង​សាច់​ក្រក។ ក្រោយ​មក​ក៏​អាំង​នំប៉័ង។ គាត់​បាន​ធ្វើ​អាហារ​ពេល​ព្រឹក​ដែល​គាត់​មិន​ដែល​​បាន​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ។
នៅ​ពេល​ប្រពន្ធ​របស់​គាត់​ចុះ​មក​ពី​ជាន់​លើ ឃើញ​ប្ដី​សម្លាញ់​ចូល​ផ្ទះ​បាយ​ធ្វើ​​អាហារ​ពេល​ព្រឹក​ដូច្នេះ ក៏​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​ក្នុង​ផ្ទះ​នេះ​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​នាក់​ ហើយ​របស់​អស់​នេះ​ក៏​មិន​ចាំ​បាច់​ឲ្យ​ប្ដី​របស់​គាត់​លំបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។
សេដ្ឋី​​លើក​អាហារ​ទាំង​អស់​មក​ដាក់​លើ​តុ ហើយ​ក៏​អញ្ជើញ​ភរិយា​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​គាត់​បាន​ត្រៀម​ទុក​ឲ្យ។ នៅ​ពេល​លើក​​អាហារ​នោះ​ញ៉ាំ​មួយ​ម៉ាត់​ដំបូង ប្រពន្ធ​របស់​គាត់​ក៏​ស្រក់​ទឹក​ភ្នែក​ហើយ​ញញឹម​ដាក់​គាត់។
“បង​សម្លាញ់ បង​នៅ​ចាំ​កាល​ដែល​យើង​ទើប​​កសាង​គ្រួសារ​ថ្មី​ៗ​ទេ ពេល​នោះ​យើង​នៅ​ក្រ​នៅ​ឡើយ បង​ធ្វើ​អាហារ​ពេល​ព្រឹក​ងាយ​ៗ​បែប​នេះ​ឲ្យ​អូន​ញ៉ាំ​រាល់​ព្រឹក អូន​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រឹក​នេះ​បាន​ញ៉ាំ​អាហារ​ស្នាដៃ​របស់​បង​ម្ដង​ទៀត”
នៅ​ខណៈ​នោះ សេដ្ឋី​ក៏​អាច​ទទួល​អារម្មណ៍​ថា ស្នាម​ញញឹម​របស់​ភរិយា​គឺ​ជា​ស្នាម​ញញឹម​ដ៏​សែន​ស្រស់​ស្អាត​​ពិសេស បើ​ទោះ​បី​គាត់​មិន​ទាន់​បាន​ផាត់​មុខ​ធ្វើ​សក់ ប៉ុន្តែ​ស្នាម​ញញឹម​របស់​គាត់​គឺ​ជា​ស្នាម​ញញឹម​ដ៏​បរិសុទ្ធ​ចេញ​ពី​ចិត្ត។ សេដ្ឋី​ក៏​បាន​យល់​ភ្លាម​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ គាត់​មិន​ដែល​បាន​ចំណាយ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​ប្រពន្ធ​ឡើយ ហើយ​ក៏​ភ្លេច​ថា​ អ្វី​ដែល​ប្រពន្ធ​គាត់​ត្រូវ​ការ​​ពី​គាត់​នៅ​ពេល​ឥលូវ​នេះ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គាត់​ប៉ុណ្ណោះ​ឯង។
នៅ​ព្រឹក​នោះដែរ យមរាជ​ក៏​និយាយ​ប្រាប់​គាត់​ថា
“​ឯង​បាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​ម្ដង​ហើយ”
ព្រឹក​ថ្ងៃ​ដដែល​នោះ គាត់​ក៏​ចូល​ក្រុមហ៊ុន​ហើយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​ស្នាម​ញញឹម​ពី​ចិត្ត​ជា​លើក​ទី​ពីរ​ពី​កូន​ចៅ​ដែល​ស្និទ្ធ​ជាមួយ​គាត់​បំផុត។
គាត់​បាន​ហៅ​កូន​ចៅ​ជំនិត​​ឲ្យ​ចូល​មក​ជួប​ក្នុង​បន្ទប់​ហើយ​ប្រាប់​ថា៖
“យើង​សម្រេច​ចិត្ត​ថា​នឹង​ឡើង​តំណែង​ឲ្យ​ឯង​​ធ្វើ​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​បន្ទាប់​ពី​យើង ហើយ​នឹង​​ផ្ដល់​ភាគហ៊ុន​ក្រុមហ៊ុន​មួយ​ចំណែក​ឲ្យ​ឯង"
កូន​ចៅ​ជំនិត​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ទឹក​មុខ​របស់​គាត់​ពេល​នោះ​​គឺ​ពោរពេញ​ដោយ​ស្នាម​ញញឹមហើយ​ក៏​និយាយ​អរគុណ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ​​សេដ្ឋី​បែរ​ជា​មាន​អារម្មណ៍​ថា ស្នាម​ញញឹម​របស់​កូន​ចៅ​​ជំនិត​មួយ​នេះ​នៅ​តែ​បង្កប់​ទុក្ខ​ព្រួយ​ខ្លះ​នៅ​ជាមួយ។
សេដ្ឋី​បាន​តែងតាំង​កូន​ចៅ​ជំនិត​ឲ្យ​ឡើង​គ្រង​តំណែង​អ្នក​ចាត់​ការ​ជាន់​ខ្ពស់​ផ្លូវការ ហើយ​ក៏​ប្រគល់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ចំណែក​ឲ្យ​គេ ប៉ុន្តែ​សេដ្ឋី​ក៏​មិន​បាន​ទទួល​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ពិត​ៗ​របស់​កូន​ចៅ​ម្នាក់​នេះ​ឡើយ។
ព្រឹក​ថ្ងៃ​ទី​៧ សេដ្ឋី​ក៏​ហៅ​កូន​ចៅ​ជំនិត​ម្នាក់​នេះ​មក​ជួប ហើយ​​ប្រាប់​ថា លោក​បាន​ស៊ីញ៉េ​លិខិត​អនុញ្ញាត​ឲ្យ​គេ ឈប់​សម្រាក ព្រម​ជាមួយ​សំបុត្រ​យន្តហោះ​​ទៅ​មក​ចំនួន​៥​សន្លឹក​សម្រាប់​​គេ​ និង​ប្រពន្ធ​កូន។
“ឯង​ធ្វើ​ការ​ដូច​លក់​ជីវិត​ឲ្យ​យើង​យូរ​ណាស់​ហើយ យើង​មិន​ដែល​ឲ្យ​ឯង​បាន​សម្រាក​​​នៅ​ជាមួយ​ប្រពន្ធ​កូន​ទេ ដូច្នេះ​យើង​នឹង​ឲ្យ​ឯង​​សម្រាក​នៅ​ជាមួយ​ប្រពន្ធ​កូន​មួយ​ខែ ព្រម​នឹង​សំបុទ្រ​យន្តហោះ​ទៅ​កោះ​ហាវ៉ៃ​​៥​សន្លឹក ឯង​អាច​នាំ​ប្រពន្ធ​កូន​ទៅ​ដើរ​លេង​បាន”។
កូនចៅ​ជំនិត​មាន​​អារម្មណ៍​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ទឹកមុខ​​តានតឹង​​របស់​គេ​ក៏​ប្រែ​ជា​ស្រស់​ថ្លា​និង​បង្ហាញ​ពី​អារម្មណ៍កក់​ក្ដៅ​ចេញ​មក​ភ្លាម។ គេ​ញញឹម​ចេញ​មក​ដោយ​ទឹក​មុខ​ធូរ​ស្បើយ ដែល​ជា​ស្នាម​ញញឹម​ដែល​គាត់​មិន​ដែល​បាន​ឃើញ​ពី​កូន​ចៅ​ម្នាក់​នេះ​ឡើយ​ពី​មុន​មក ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ជាមួយ​ដែរ។
“អរគុណ​​ណាស់​លោក​ម្ចាស់ ខ្ញុំ​មិន​បាន​នាំ​ប្រពន្ធ​កូន​ដើរ​លេង​យូរ​ហើយ ពួក​គេ​ប្រហែល​គិត​ថា​បេះដូង​ខ្ញុំ​ធ្វើ​ពី​ដែក​ គ្មាន​មនោសញ្ចេតនា​ដូច​ឪពុក​គេ​ដទៃ​ទេ។ ខ្ញុំ​នឹង​ធ្វើ​តាម​លោក​ម្ចាស់ អរគុណ​លោក​ម្ចាស់​ម្ដង​ទៀត!”
ស្ងាត់​សំឡេង​របស់​កូន​ចៅជំនិត យមរាជ​ក៏​បាន​ខ្សឹប​ប្រាប់​សេដ្ឋី​ថា៖
“ឯង​បាន​ស្នាម​ញញឹម​ពី​ចិត្ត​ជា​លើក​ទី​ពីរ​ហើយ”
សេដ្ឋី​ទើប​តែ​​ទទួល​បាន​ស្នាម​ញញឹម​ពី​ចិត្ត​ពីរ​ដង​ប៉ុណ្ណោះ តែ​ទម្រាំ​បាន​ពេល​វេលា​របស់​គាត់​ក៏​នៅ​សល់​មិន​ដល់​​មួយ​ថ្ងៃ​ឡើយ។ សេដ្ឋី​បាន​ត្រឹម​តែ​ដក​ដង្ហើម​ធំ។
“ប្រហែល​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ហើយ!” សេដ្ឋី​លាន់​មាត់​និយាយ​ជាមួយ​ខ្លួន​​ឯង ព្រោះ​ទាំង​ភរិយា និង​កូន​ចៅ​ជំនិត គាត់​ត្រូវ​ប្រើ​ពេល​​រហូត​៧​ថ្ងៃ​ទើប​បាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​របស់​ពួក​គេ។ បើ​ដូច្នេះ​គាត់​ត្រូវ​​ទទួល​ស្គាល់​និង​យល់​ព្រម​ចុះ​នរក​ដោយ​គ្មាន​ជម្រើស​អ្វីផ្សេង​ឡើយ។ ពេល​នឹក​ដល់​ឋាន​នរក​អារម្មណ៍​របស់​គាត់​ក៏​សោកសៅ​ជា​ខ្លាំង គាត់​ក៏​សម្រេច​ចិត្ត​ដោះ​អាវ​ធំ​ចេញ ហើយ​ក៏​ដើរ​ចេញ​ពី​ក្រុមហ៊ុន​ដើម្បី​ជិះ​ឡាន​ក្រុង​ដើរ​កម្សាន្ត​ទៅ​ទី​កន្លែង​ផ្សេង​ៗ។
នៅ​តាម​ផ្លូវ​គាត់​ក៏​នឹក​ឃើញ​បរិយាកាស​ចាស់​ៗ សម័យ​ដែល​គាត់​​​ចាប់​ផ្ដើម​កសាង​គ្រួសារ​ជាមួយ​ភរិយា។ បរិយាកាស​បែប​នេះ​គាត់​មិន​បាន​ឃើញ​យល់​​យូរ​ណាស់​ហើយ ព្រោះ​ធម្មតា មិន​ថា​គាត់​ទៅ​ដល់​ណា ក៏​មាន​តែ​រថយន្ត​ទំនើប​ព្រម​ជាមួយ​ឯកសារ​ដែល​ត្រូវ​ពិនិត្យ​​ស៊ីញ៉េ​ជា​ច្រើន។ គាត់​ស្ទើរ​តែ​រក​ពេល​ចេញ​ដើរ​តាម​ភូមិ​ស្រុក ផ្លូវ​តូច​ៗ​បែប​នេះ​តែ​ម្នាក់​ឯង​មិន​​បាន​ឡើយ។ គាត់​គិត​ថា យ៉ាង​ណា​ៗ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត គាត់​ត្រូវ​យមរាជ​នាំ​ទៅ​នរក​ហើយ​ ដូច្នេះ​គួរ​ប្រើ​ពេល​ដែល​នៅ​សល់​នេះ​ឲ្យ​សប្បាយ​ចិត្ត​​ខ្លួន​ឯង​វិញ​ទៅ​ចុះ ខណៈ​ដែល​​ពេល​នេះ​គាត់​កំពុង​ទទួល​អារម្មណ៍​ស្រស់​ថ្លា​ប្លែក​ពី​ពេល​មុន​ៗ​ទាំង​អស់។
គាត់​ដើរ​លើ​ផ្លូវ​ដែល​មាន​មនុស្ស​ម្នា​ត្រាច់​ចរ​អ៊ូអរ ហើយ​ក៏​បាន​ឃើញ​ក្មេង​ស្រី​ម្នាក់​​អង្គុយ​យំ​​លើ​ចិញ្ចើម​ផ្លូវ។ គ្មាន​​អ្នក​ណា​ចាប់​អារម្មណ៍​​នឹង​ក្មេង​ស្រី​ម្នាក់​នោះ​ឡើយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ប្រញាប់​ទៅ​ធ្វើ​ការងារ​រៀង​ៗ​​ខ្លួន។
“យ៉ាង​ណា​ក៏​យើង​ជិត​ស្លាប់​ទៅ​ហើយ អីចឹង​ទៅ​សួរ​ក្មេង​ស្រី​នេះ​សិន​ចុះ ថា​ម៉េច​បាន​ជា​នាង​យំ”
គិត​ហើយ​គាត់​ក៏​ដើរ​ទៅ​រក​ក្មេង​ស្រី​តូច​នោះ ក៏​ដឹង​ថា​នាង​វង្វេង​ឪពុក​ម្ដាយ​ទើប​អង្គុយ​យំ។ សេដ្ឋីបាន​នាំ​នាង​ទៅ​ប៉ុស្តិ៍ប៉ូលិស ហើយ​ប្ដឹង​ថា​មាន​កូន​វង្វេង​ឪពុក​ម្ដាយ​នៅ​ផ្សារ សូម​ឲ្យ​អាជ្ញាធរ​ជួយ​ទាក់ទង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​ក្មេង​ផង។
សេដ្ឋី​អង្គុយ​ចាំ​ឪពុក​ម្ដាយ​របស់​ក្មេង​តូច​មក​ទទួល​នាង​យ៉ាង​អន្ទះសារ។ ​សម្លឹង​មើល​នាឡិកា ពេល​វេលា​របស់​គាត់​ជិត​អស់​ហើយ។ នៅ​ពេល​ឪពុក​ម្ដាយ​ក្មេង​មក​ដល់​បន្ទប់​រង់​ចាំ បី​នាក់​ឪពុក​ម្ដាយ​កូន​ក៏​រត់​ទៅ​ឱប​គ្នា​និង​ស្រែក​យំ​លាន់​រំពង​ពេញ​ប៉ុស្តិ៍​ប៉ូលិស។
គាត់​សម្លឹង​មើល​រូបភាព​នោះ​ដោយ​​អារម្មណ៍​រំភើប និង​ស្កប់ស្កល់​ក្នុង​ចិត្ត
“ពុទ្ធោ​ ការ​បាន​ជួយ​អ្នក​ដទៃ​គឺជា​ក្ដីសុខ​យ៉ាង​នេះ​ឯង!” សេដ្ឋី​ឧទាន​ម្នាក់​ឯងតិច​ៗ។
ប៉ុន្តែ​គាត់​ក៏​លែង​បាន​ញញឹម​ភ្លាម​ៗ ព្រោះ​យមរាជ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គាត់​ហើយ។
គាត់​លា​ដៃ​ឲ្យ​យមរាជ​ ប៉ុន្តែ​យមរាជ​ក៏​គ្រវី​ក្បាល​​ត្រលប់​ទៅ​គាត់​វិញ។
“ឯង​មិន​បាច់​ទៅឋាន​​នរក​ជាមួយយើង​ទេ ព្រោះ​ឯង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នឹង​ឡើង​ឋានសួគ៌​បាន​ហើយ!” យមរាជ​ពោល។
សេដ្ឋី​ក៏​បើក​ភ្នែក​ធំ​ៗ​ដោយ​មិន​ជឿ​អ្វី​ដែល​ខ្លួន​បាន​ឮ
“លោក​ថា​ម៉េច?” សេដ្ឋី​សួរ​ទាំង​ញ័រមាត់។
“ឯង​រក​បាន​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ទី​បី​ហើយ”
យមរាជ​ហុច​កញ្ចក់​ឲ្យ​សេដ្ឋី​ឆ្លុះ​មុខ​របស់​ខ្លួន និង​និយាយ​ថា៖
“ការ​ពិត​វា​ទើប​កើត​ចេញ​មក​អម្បាញ់មិញ​នេះ​ឯង”
សេដ្ឋី​សម្លឹង​មើល​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់ ឃើញ​ទឹក​មុខ​ដ៏​ស្រស់​ថ្លា ខុស​ប្លែក​ពី​ទឹក​មុខ​ក្រំក្រៀម​គ្មាន​ហុងស៊ុយ​របស់​គាត់​កន្លង​មក ហើយ​ស្នាមញញឹម​នៅ​ពេល​នេះ វា​មិន​មែន​ជា​ស្នាមញញឹម​របស់​ប្រធាន​ក្រុមហ៊ុន​យក្ស​នោះ​ទេ ប៉ុន្តែ​វា​ជា​ទឹក​មុខ​របស់​បុរស​ចំណាស់​ម្នាក់ ដែល​ពោរពេញ​ ដោយ​ក្ដី​មេត្តា។ គាត់​បាន​មើល​ឃើញ​ស្នាមញញឹមចេញ​ពី​ចិត្ត​នៅ​លើ​ផ្ទៃ​មុខ​របស់​ខ្លួន​ឯង។
“ចិត្ត​របស់​ឯង​ប្រែ​ហើយ គ្មាន​ហេតុផល​អ្វី​ដែល​យើង​ត្រូវ​នាំ​​ឯង​ទៅ​នរក​ទៀត​ទេ ប៉ុន្តែ​ដោយ​ពេល​នេះ​ទេវតា​មិន​ទាន់​មក​ទទួល​​ឯង​​យក​ទៅ នោះ​ក៏​មាន​ន័យ​ថា​ឯង​មាន​ពេល​វេលា​កសាង​អំពើ​ល្អ​លើ​លោក​នេះ​បាន​បន្ត​ទៀត”
និយាយ​ចប់ យមរាជ​ក៏​រលាយ​បាត់​​ទៅ​មួយ​ប៉ប្រិច​ភ្នែក
“ការ​ពិត​ស្នាមញញឹម​ទី​បី គឺ​ស្នាម​ញញឹម​របស់​យើង​ខ្លួន​ឯង​មែន​ទេ​នៀក?” សេដ្ឋី​ញី​ភ្នែក​សម្លឹង​មើល​ទៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​​ដោយ​អារម្មណ៍​ស្កប់ស្កល់​ក្នុង​ចិត្ត។
១. បើ​អ្នក​បាន​អាន​ហើយ​ យល់​ឃើញ​ថា​មាន​ប្រយោជន៍​ដាស់​តឿន​សតិ​បាន សូម Share ចែក​រំលែក​ជា​ធម្មទាន។
២. បើ​ឃើញ​ថា​អត្ថបទ​ខាង​លើ​នេះ គ្មាន​ប្រយោជន៍ យើង​សូម​អភ័យ​ទោស​ដែល​នាំ​​ឲ្យ​ខាត​ពេល​វេលា​ក្នុង​ការ​អាន ចាត់​ទុក​ថា​គ្មាន​អ្វី​​កើត​ឡើង​ហើយ​បំភ្លេច​វា​ចោល​ទៅ​ចុះ ៕


នៅពេលថ្ងៃ នាថ្ងៃមួយក្នុងរដូវក្ដៅ ចួងជឺទម្រេតខ្លួនសម្រាកក្រោកម្លប់ឈើមួយ ហើយក៏លង់លក់ ទៅ ។ គាត់យល់សប្ដិឃើញថា ខ្លួនគាត់ក្លាយទៅជាមេឃុំបៅដ៏ល្អស្រស់ មានពណ៌ចម្រុះស្អាតអស្ចារ្យ ហើរចុះហើរឡើងក្រឡឹងជុំវិញបុប្ជាដែលកំពុងរីកស្គុះស្គាយ ចោលក្លិនក្រអូប ឈ្ងុយឈ្ងុប ប្រកបដោយក្ដីសុខក្នុងចិត្ដយ៉ាងក្រៃលែង ។ រំពេចនោះ មានខ្យល់បក់យ៉ាងខ្លាំងមួយវឹបមកប្រៀបដូចជាដាស់អង្រួនគាត់អោយឲ្យបើកភ្នែកឡើង ។ គាត់ទទួលអារម្មណ៍ថាខ្លួនឯងជា ចួងចូវ ទេតើ? ( ចួងចូវ ជាឈ្មោះដើមរបស់គាត់ ) ។ គាត់រេភ្នែកសម្លឹងទៅជុំវិញខ្លួន យកដៃអង្អែលក្បាលខ្លួនឯងហើយគិតក្នុងចិត្ដថា៖

“ អេ!... រឿងនេះវាយ៉ាងម៉េចអញ្ចេះ? ចួងចូវ យល់សប្ដិឃើញថាខ្លួនក្លាយជាមេអំបៅ ឬមួយមេអំបៅយល់ សប្ដិឃើញថា ខ្លួនក្លាយជា ចួងចូវ ? គួរអោយចម្លែកណាស់!... ចួងចូវនិងមេអំបៅ វាគ្មានអ្វីត្រូវដូចគ្នាទាល់តែសោះ?“

នៅពេល ចួងជឺ កំពុងតែអង្គុយលង់នឹងគំនិតដែលថា តើខ្លួនឯងនេះជាចួងចួវឬជាមេអំបៅនោះ សិស្សរបស់គាត់ ដែលមិនធ្លាប់ឃើញទឹកមុខគាត់ស្រងូតស្រងាត់បែបនេះ ហើយពួកគេដឹងថា គ្រូរបស់ខ្លួន គឺជាអ្នកត្រាស់ដឹងដ៏ អស្ចារ្យម្នាក់... តែពេលនេះ ហេតុអ្វីក៏ទៅជាអញ្ចឹង? គេក៏ប្រញាប់សួរ៖

“ លោកគ្រូមានរឿងអ្វីឬ? តើពួកខ្ញុំអាចជួយអ្វីលោកគ្រូបានទេ? ”
ចួងជឺ ឆ្លើយទាំងភ្នែកសម្លឹងមើលទៅឆ្ងាយ...
“ យើងមិនគិតថា ពួកឯងអាចនឹងជួយអ្វីយើងបានទេ!... ”
សិស្សនៅតែមិនអស់ចិត្ដ...
“ តែទោះបីជាយ៉ាងណាក៏ដោយ... ពួកយើងចង់ដឹងថា តើអ្វីទៅដែលធ្វើអោយលោកគ្រូលំបាកចិត្ដដូច្នេះ? ព្រោះជាធម្មតា លោកគ្រូតែងតែអាចយកឈ្នះលើគ្រប់បញ្ហាទាំងឡាយ មិនមែនទេឬ? ”
ចួងជឺ ឆ្លើយ...
“ យើងធ្លាប់តែអញ្ចឹងមែន!... តែអំបាញ់មិញនេះ យើងយល់សប្ដិដល់រឿងមួយ វាធ្វើឲ្យការឈ្វេងយល់ផ្សេងៗរបស់យើងទៅជាច្របូកច្របល់... ការភ្លឺស្វាងទាំងឡាយរបស់យើង វាក្លាយទៅជាស្រពេចស្រពិលវិញអស់ហើយ ”
កូនសិស្សបើកភ្លែកធំៗ...

“ គ្រាន់តែរឿងយល់សប្ដិប៉ុណ្ដឹងឬ? ”
ចួងជឺ បន្ដ...
“ វាមិនមែនត្រឹមតែការយល់សប្ដិប៉ុណ្ណោះទេ!... តែវាបានហែកហួកម្ទេចយើងឲ្យទៅជាចម្រៀកៗទៀតផង! ”
“ បើអញ្ចឹង សូមលោកគ្រូជួយរៀបរាប់ពីរឿងយល់សប្ដិឲ្យពួកយើងបានដឹងផងមកមើល!... ” សិស្សនាំគ្នាសំណូមពរ
ចួងជឺ រៀបរាប់ថា ខ្លួនក្លាយទៅជាមេអំបៅ ឯសិស្សនាំគ្នាសើច...
“ រឿងប៉ុណ្ដឹង ហេតុអីក៏លោកគ្រូកើតទុក្ខសម្បើមម្លេះ? វាគ្រាប់តែជារឿងយល់សប្ដិធម្មតាៗប៉ុណ្ណោះ! មានរឿងអ្វីត្រូវភ័យ... មនុស្សយើងតែងតែយល់សប្ដិឃើញខ្លួនឯងក្លាយជាសត្វនេះ សត្វនោះ គ្រប់បែបយ៉ាងអញ្ចឹងឯង! ”

ចួងជឺ បញ្ជាក់បន្ថែម...
“ យើងដឹងហើយថា យល់សប្ដិគឺយល់សប្ដិ...ប៉ុន្ដែអ្វីដែលយើងបារម្ភនោះគឺ តើខ្លួនយើងជាអ្វីពិតប្រាកដទៅ? តើខ្លួនជាមេអំបៅ ឬមួយយើងជាមេអំបៅ ដែលកំពុងយល់សប្ដិឃើញចួងជឺ? ពេលនេះ យើងកំពុងតែឆ្ងល់ថា តើយើងថា ចួងជឺ ឬជាមេអំបៅ?
ប្រសិនបើយើងអាចយល់សប្ដិឃើញថា ខ្លួនក្លាយទៅជាមេអំបៅបានយើងក៏មិនអាចនឹងប្រកែកដែរថា មេអំបៅវាកំពុងតែដេកលក់នៅនឹងដើមកុលាបហើយយល់សប្ដិឃើញថា ខ្លួនក្លាយជា ចួងជឺ នោះដែរ... តើយើងអាចហាមឃាត់វាបានដែរឬទេ? សំណួរដែលយើងចង់សួរគឺ តើពេលនេះយើងភ្ងាក់ហើយឬនៅ? ឬមួយយើងគ្រាប់តែជាមេអំបៅដែលកំពុងយល់សប្ដិឃើញ ចួងជឺ?... ”
ពួកកូនសិស្សនាំគ្នាក្រឡេកមើលមុខគ្នាឡឹងឡង់ៗ មិនដឹងថាតើត្រូវឆ្លើយនឹងគាត់ថាម៉េច... តាចាស់នេះចេះតែរកនឹកឃើញរឿងប្លែកៗមិនចេះចប់ មិនដឹងថាយ៉ាងមិចគាត់?... គេឯងរាប់លាននាក់ រាប់ម៉ឺនរាប់សែនឆ្នាំមកហើយ មិនដែលមាននរណានឹកឃើញដាក់សំណួរបែបហ្នឹងសោះ!... ”

ចួងជឺ ឃើញសិស្សនៅស្ងៀមធ្មឹងដូច្នេះ គាត់ពោលបន្ដ...
“ ចូរអ្នកទាំងអស់គ្នានាំគ្នាអង្គុយតាំងសមាធិ ហើយរកចម្លើយយកមកឲ្យយើងថា តើយើងជានរណា? ”
ពួកសិស្សមើលមុខគ្នា នឹកអស់សំណើចតែក្នុងពោះ តើធ្វើសមាធិស្អីបើឃើញគាត់នៅជ្រងោៗទៅហើយ?... ឲ្យធ្វើយ៉ាងមិចទៀត?... តើត្រូវរកចម្លើយយ៉ាងមិច?... គិតយ៉ាងមិចចេញ?
សិស្សជំនិតរបស់ ចួងជឺ ម្នាក់ឈ្មោះ លៀជឺ ទើបតែត្រឡប់មកដល់ពីភូមិនៅក្បែរនោះ ឃើញសភាពគ្រូនិងសិស្សទាំងអស់កំពុងតែបិទភ្នែក តែពួកគេមិនអាចគិតអ្វីឃើញទាំងអស់។ លៀជឺ សួរទៅសិស្សម្នាក់ថា៖

“ អ្នកទាំងអស់គ្នាមានរឿងអ្វីទៅ? ” អីក៏ហាក់ដូចជាធំដុំម្លេះ? យើងមិនដែលឃើញអ្វីដែលហាក់ដូចជាធ្ងន់ធ្ងរដូចពេលនេះឡើយ... ហេតុអីក៏លោកគ្រូមានទឹកមុខស្រងូតស្រងាត់បែបហ្នឹង? មាននរណាស្លាប់ឬ? ”
សិស្សម្នាក់ឆ្លើយ...
“ គាត់បង្កើតរឿងផ្ដេសផ្ដាសមកទៀតហើយ... គ្មានអ្នកណាស្លាប់ ហើយក៏គ្មានរឿងអីកើតឡើងដែរ... តែគាត់កំពុងតែដាក់ទណ្ឌកម្មពួកយើង គ្មានរឿងអីធ្វើ គាត់បង្ករឿងឲ្យពួកយើងអង្គុយសមាធិលេងអញ្ចឹងទៅ!... ”
ពោលរអ៊ូរួចហើយ សិស្សម្នាក់នោះក៏រៀបរាប់រឿងប្រាប់ ។
លៀជឺ ក៏និយាយបន្ធួក្ដីតានតឹង...
“ ឯងកុំព្រួយ!... ធ្វើសមាធិសិនទៅ!... ខ្ញុំទៅឯណោះបន្ដិច... បន្ដិចទៀតខ្ញុំត្រឡប់មកវិញហើយ!... ”
គេចេញទៅបាត់មួយសន្ទុះធំរួចក៏ត្រឡប់មកវិញ យួរទឹកមួយធុងយ៉ាងត្រជាក់ស្រេបដូចទឹកកក យកមកស្រោចឈួពីលើ ចួងជឺ ។ ចួងជឺ និយាយទាំងអស់សំណើចថា...
“ ប្រសិនបើឯងម៉ោមិនទាន់មិនទាន់ទេ... ប្រាកដជាពុំមានអ្នកណាជួយពួកល្ងីល្ងឺទាំងនេះបានឡើយ! ពួកវាធ្វើដូចជារឿងធំសម្បើមណាស់ មិនដឹងជាកំពុងគិតដល់ណាទេ!... ហើយឯងក៏បានជួយយើងឲ្យផុតទុក្ខបានមួយគ្រាផងដែរ...បានហើយ! បានហើយ... ឈប់ចាក់ទៀតទៅ យើងរងាណាស់! ”

លៀជឺ សួរទៅលោកគ្រួ៖
“ តើប៉ុណ្ណឹង ដោះស្រាយបានហើយឬនៅលោកគ្រូ? ”
“ បាន! ៗ ៗ ... ឯងគឺជាអ្នកស្នងបន្ដវេនពីយើង!... ”
សំណួរនេះ យើងមិនអាចប្រើចិត្ដឲ្យដោះស្រាយទេ ។ ពេលខ្លវិធីងាយៗក៏អាចដោះស្រាយបញ្ហាបានល្អជាងការគិតទៅទៀត ។

❀កត់ត្រានៅក្នុង “អូស្ហូ”

❀❀❀ចូងជឺ មានរឿងនិទានរាប់រយរឿង សុទ្ធសឹងតែជារឿងចម្លែកៗ...
គាត់គឺជាអច្ឆរិយបុគ្គម្នាក់ ដែលសូម្បីគ្រាន់តែប្រឌិតរឿងមកក៏មិនមែនជាការងាយប៉ុន្មានដែរ...
តែពាក្យប្រៀនប្រដៅរបស់គាត់ បែរជាងាយស្រួលទៅវិញ ។
ការតាំងសមាធិ ពុំមែនជារឿងដែលត្រូវប្រើចិត្ដនោះឡើយ...
ការសមាធិ មានន័យថា យកចិត្ដទៅទុកមួយកណ្ដុប
គឺជាសភាវៈដែលពុំមានចិត្ដ...ជាការស្ងប់ស្ងៀមយ៉ាងពេញលេញ
សូម្បីតែការគិតបន្ទិចបន្ទួចក៏ពុំមានដែរ ។
ចួងជឺ មានវិធីដ៏ពិសេសម្យ៉ាងដែលខុសពីគេ
គាត់លើកយករឿងតែពីសតែពាសមកនិយាយ...
គឺរឿងដែលចិត្ដមិនអាចគិតឃើញបាន...
ចិត្ដតែងត្រូវការអ្វីៗដែលជាហេតុផល មានតក្ដៈ សម្រាប់ពិចារណាតែ
ចំពោះ “ រឿងអត់ស្ដេច ” មិនមែនជារឿងអាចពិចារណាបាននោះទេ
ដូចជារឿងយល់សប្ដិរបស់គាត់នេះ...
ទោះបីអង្គុយគិតរាប់ឆ្នាំក៏នៅតែពិបាកឆ្លើយ...
បែរជាចាញ់ទឹកត្រជាក់មួយធុងទៅវិញ...
ធ្វើឲ្យគាត់រកឃើញថា ខ្លួនឯងជា ចួងជឺ មែន
លែងសង្ស័យថា ខ្លួនឯងជាមេអំបៅអ្វីទៀតហើយ... ។❀❀❀


រឿងខ្លីប្រភេទអប់រំ


កឹងឡី ជាអ្នកបាញ់ធ្នូដ៏ពូកែបំផុត រកគូប្រៀបពុំបានឡើយ ។ ថ្ងៃមួយគេកំពុងអង្គុយផឹកស្រារួមជា
មួយនឹងព្រះមហាក្សត្រនគរវើយនៅក្នុងសួនច្បារនៃព្រះរាជវាំង ។ ពេលងើយក្បាលឡើង គេក៏ក្រឡេក
ឃើញសត្វហើរឆ្លងកាត់នៅពីលើ ទើបទូលថ្វាយទៅព្រះមហាក្សត្រថា៖
“ សត្វទាំងនេះ មិនចាំបាច់ច្រើផ្លែធ្នូ ក៏ទូលបង្គំអាចបាញ់វាឲ្យធ្លាក់មកដីបានដែរ ”

ឮដូច្នេះ ព្រះមហាក្សត្រទ្រង់គ្រវីព្រះកេសប្រកែក៖
“ កុំនិយាយលេង! យើងមិនដែលឮអ្នកណាអស្ចារ្យដល់ម្ល៉ឹងទេ! ”

កឹងឡី ទូលបញ្ជាក់យ៉ាងមុតមាំថា៖
“ មែនណាព្រះអង្គ!... ទូលបង្គំមិននិយាយលេងទេ! ”
មួយសន្ទុះក្រោយមក មានក្ងានព្រៃមួយកំពុងទទះស្លាបភ្លឹបៗសំដៅមកពីទិសខាងកើត កឹងឡី
ក្រោកឈរភ្លែត ចាប់យកធ្នូមកទាញខ្សែរទទេ រហូតដងធ្នូកោងជាចំណិតលោកខែ ហើយព្រលែងឮសូរ
ខ្វាប់!!! សំឡេងឡើងញ័រ រញ្ជួយដល់ក្ងានដែលកំពុងហើរ ។ វាទទះស្លាបបានតែពីរបីភ្លឹប ក៏ធ្លាក់ខ្ពោក
មកដល់ដី ។

ព្រះមហាក្សត្រទ្រង់បើកព្រះនេត្រធំៗ ស្ទើរតែពុំជឿព្រះទ័យ៖
“ អីយ៉ា!!! ថ្វីដៃរបស់លោកពូកែអស្ចារ្យដល់ម្ល៉ឹងផងឬ? ”

កឹងឡី ទម្លាក់ធ្នូចុះ ទូលទៅព្រះរាជាថា៖
“ នេះ ពុំមែនមកពីទូលព្រះបង្គំមានថ្វីដៃអស្ចារ្យអ្វីទេក្រាបទូល!...
គឺដោយសារតែក្ងានព្រៃនេះវាមានរបួសស្រាប់មកហើយ... ពេលដែលបានឮសំឡេងធ្នូ វាកត់ស្លុក
ទៅជាទន់ស្លាប ហើយក៏ធ្លាក់មកដីតែម្ដងទៅ! ”

ព្រះរាជាទ្រង់ត្រាស់សួរបន្ដថា៖
“ ក្ងានវាហើរលើមេឃឯណោះ... ហេតុអ្វីទៅបានជាលោកដឹងថាក្ងាននេះវាមានរបួស? ”

កឹងឡី ឆ្លើយ៖
“ ក្រាបទូលព្រះអង្គ!... ទូលបង្គំមើលឃើញវាហើយយ៉ាងយឺតៗ... ឯសំឡេងរបស់វាឮសូរគ្រលួច ។
តាមបទពិសោធន៍ដែលទូលបង្គំធ្លាប់ដឹងរាប់ឆ្នាំមកហើយ ការហើរយឺតបែបនេះ គឺពិតជាមកពីវាមានរបួស...
ឯសំឡេងដែលវាស្រែកឡើងគ្រលួចបែបនេះ វាមានរបួសមិនទាន់ជានៅឡើយ... ទើបធ្វើឲ្យស្មារតីរបស់វានៅ
មិនទាន់រឹងប៉ឹង... ហេតុនេះ ស្នាមរបួសរបស់វា ដែលមិនទាន់សះស្រួលបួលក៏ប្រេះឆ្លាយមកវិញ...
ហើយធ្លាក់ចុះមកដីតែម្ដងទៅ ”

➠កត់ត្រានៅក្នុង “ចានកួកឆី”

♥♥♥ យើងធ្លាប់ឮជាញឹកញាប់មកហើយថា...
សត្វជីងចក់ គ្រាប់តែឆ្មាសម្លក់ក៏ធ្លាក់ពីជញ្ជាំង
គោជួបនឹងខ្លាក៏ស្រាប់តែទន់លោង រត់មិនរួច...
មនុស្សខ្លះ ពេលជួបនឹងរឿងតក់ស្លុត ក៏ទន់ជង្គង់ សន្លប់... ។
ការដែលសត្វ “ ខ្លាចដងធ្នូ ” ជាកត្ដាឆ្លុះបញ្ចាំងអំពីសភាវគតិរបស់សត្វ
រួមជាមួយនឹងភាពប៉ិនប្រសប់របស់អ្នកបរបាញ់សត្វ ដែលចេះវិនិច្ឆ័យ
អំពីការហើរលឿនឬយឺត និងសំឡេងដង្ហក់ដង្ហើយរបស់សត្វ ។
អាកប្បកិរិយាដែលសម្ដែងមកខាងក្រៅ♥♥♥


រឿងខ្លីប្រភេទអប់រំ


ព្រះអង្គម្ចាស់ សួន នៃនគរឈី ទ្រង់សព្វព្រះទ័យនឹងការបាញ់ធ្នូជាខ្លាំង។ នៅតាមជញ្ជាំងនៃព្រះរាជ
វាំងមានដងធ្នូជាច្រើនដែរឆ្លាក់រំលេចដោយក្បាច់ក្បូរប្រណីតៗ ដាក់ព្យួរទាំងយ៉ាងដេរដាស់ ។


រឿងខ្លីប្រភេទអប់រំ


កាលគ្រាមួយ អ្នកជិតខាងរបស់ យ៉ាងជូ បានបាត់ពពែមួយក្បាល ។ បុរសនោះបានបំពាវបាវឲ្យ
មនុស្សទាំងអស់ក្នុងភូមិមកជុំគ្នាដើម្បីជួយស្វែងរកសត្វពពែ ។ ឯ យ៉ាងជូ ក៏ត្រូវគេអង្វរឲ្យជួយតាម
រកពពែនោះផងដែរ ។ យ៉ាងជូ នឹកឆ្ងល់ក្នុងចិត្ដ គេក៏សួរទៅ ម្ចាស់ពពែនោះថា៖
“ បាត់ពពែតែមួយក្បាលសោះ ហេតុអីបានជាឯងកេណ្ឌមនុស្សពេញទាំងភូមិឲ្យដើររកដូច្នេះ? ”
ម្ចាស់ពពែឆ្លើយ៖
“ ផ្លូវបំបែកមានច្រើនណាស់!... ទាល់តែមានគ្នាច្រើនទើបអាចចែកគ្នាដើររកតាមផ្លូវបំបែកនោះបាន!... ”

កន្លងទៅអស់មួយសន្ទុះធំ អ្នកភូមិដែលបំបែកគ្នាជួយរក បាននាំគ្នាត្រឡប់មកវិញដោយអាការៈ
ហត់នឿយរៀងៗខ្លួន ។ យ៉ាងជូ សួរទៅពួកគេថា៖
“ យ៉ាងម៉េចទៅហើយ... តើមាននរណារកពពែឃើញទេ? ”
អ្នកភូមិទាំងនោះក៏នាំគ្នាឆ្លើយ
“ រកមិនឃើញទេ!... ”
យ៉ាងជូ ពោលដោយឆ្ងល់ថា៖
“ មនុស្សច្រើនប៉ុណ្ណឹងហើយនៅតែរកមិនឃើញទៀតហ្ន? ”
អ្នកភូមិម្នាក់ក៏បញ្ចេញយោបល់៖
“ ផ្លូវធំមួយនេះមានផ្លូវបំបែកស្រាប់ទៅហើយ... ឯផ្លូវបំបែកនីមួយៗ ក៏មានផ្លូវបំបែករបស់វាទៀត...
រាប់ចុះរាប់ឡើង ផ្លូវនេះតែច្រើនទៅៗ... តើយើងគួរដើរតាមផ្លូវណា? ហេតុនេះ ទោះបីជាមានមនុស្ស
ច្រើនយ៉ាងណាក៏ដោយ វានៅតែឥតប្រយោជន៍ជាដដែលហ្នឹង! ” ស្ដាប់ហេតុផលរបស់គេនោះហើយ យ៉ាងជូ
អង្គុយធ្វើមនុខស្មឿកលែងនិយាយស្ដី សើចលែងចេញអស់មួយថ្ងៃ ។


☛កត់ត្រានៅក្នុង “លៀជឺ”

♥♥♥ដោយសារតែផ្លូវបំបែកច្រើនពេកទើបបានជារកមិនឃើញ...
ឯរឿងការងារនិងការសិក្សារៀនសូត្រក៏ដូចគ្នាអញ្ចឹងដើរបែកខ្ញែកច្រើនជ្រុលពេក វានឹងធ្វើឲ្យអារម្មណ៍យើងរាយមាយ
រកចាប់ចំណុចសំខាន់ជាក់លាក់ពុំឃើញ ។
ចំពោះបញ្ហាតែមួយក៏ដូច្នោះដែរ ។ បើមានមតិច្រើនជ្រុលហួសហេតុពេក
ហើយជជែកយកត្រូវរៀងៗខ្លួន... វានឹងធ្វើឲ្យរឿងងាយ ក្លាយទៅ
ជារឿងពិបាកទៅវិញទៀតផង ។
រឿងរ៉ាវផ្សេងៗ...តែងតែមានលក្ខណៈច្របូកច្របល់ ស្មុកស្មាញ
បើយើងមិនផ្ដោតទៅលើគោសការណ៍ណាមួយឲ្យពិតប្រាកដទេ...
ឬមិនចេះបែងចែកពីអ្វីសំខាន់ ឬអ្វីមិនសំខាន់ទេនោះ
ជីវិតរបស់យើងច្បាស់ជារកផ្លូវជាក់លាក់ពុំឃើញ
ដូចឈរនៅកណ្ដាលផ្សែងអ័ព្ទ...
ឬមួយត្រូវវិលក្បុងដូចអ្នករកពពែតាមផ្លូវបំបែកអញ្ចឹងដែរ ។♥♥♥


រឿងខ្លីប្រភេទអប់រំ


ខ្នងភ្នំនិងក្បាលទឹកធ្លាក់ គឺជាទីកន្លែងដ៏មនោរម្យ ទាក់ទាញមនុស្សជាខ្លាំងនៅរដូវស្លឹកឈើជ្រុះ ។ ហេតុនេះ ទើបមហាក្សត្រនៃនគរវូ ទ្រង់យាងចេញប្រពាតព្រៃព្រឹក្សាតាមផ្លូវផលសារវិញម្ដង ។ ព្រះអង្គក្រសាលតាមដងអូរដែលមានសម្លេងស្វាយំចេចចាចៗនៅទាមមាត់ច្រាំងទាំងសងខាង ។ ទ្រង់បានបញ្ជាឲ្យគេចតទូក ហើយនាំសេនាដែលហែលហមមកជាមួយ យាងទៅក្រសាលនៅលើខ្នងភ្នំ ។ ពេលឃើញមនុស្សនាំគ្នាដើរមកក្បែរខ្លួនដូច្នេះ ពួកស្វាទាំងនោះនាំគ្នាស្រែកភិតភ័យ ហើយក៏រត់គេចបាត់អស់ទៅ ។

មានស្វាមួយក្បាលក្លាហានជាងគេ មិនព្រមរត់ទៅណា ទើបព្រះមហាក្សត្របញ្ជាឲ្យសេនាតាមចាប់វាឲ្យ បាន ។ ពេលមនុស្សដើរចូលទៅចាប់ស្វាក៏ប្រើភាពប៉ិនប្រសប់របស់ខ្លួន លោតចុះលោតឡើង ជួនក៏ធ្វើជាវារ ជួនក៏ហក់ គេច សើចស្ញេញស្ញាញ ញាក់ចិញ្ចើម ញាក់មុខញាក់មាត់ ដូចគេលេងបិទពួនជាមួយមនុស្សយ៉ាងសប្បាយ ដោយពុំមានអ្នកណាចាប់វាបានឡើយ ។
ព្រះមហាក្សត្រក៏អោយគេយកធ្នូមកបាញ់ម្ដង ។ ស្វាក៏គេចឆ្វេង គេចស្ដាំ ជួនកាលវាចាប់ផ្លែព្រួញដែលបាញ់ទៅយ៉ាងប៉ិនប្រសប់បំផុត ហើយវាហាក់ដូចជាមានសេចក្ដីរីករាយនិងវិធីលេងសើចរបស់វាជាខ្លាំង ។

បន្ទាប់មក ព្រះមហាក្សត្រក៏បញ្ជាឲ្យសេនាប្រមួលធ្នូមកបាញ់ផ្គុំគ្នាក្នុងពេលតែមួយ ។ ផ្លែព្រួញចម្រុះសាចដូចទឹកភ្លៀងទៅលើស្វាតែមួយ ។ ស្វាមិនដឹងថានឹងគេចទៅខាងណា សេចក្ដីក្លាហាននិងភាពប៉ិនប្រសប់របស់វាលែងមានប្រសិទ្ធភាពទៀតហើយ... នេះឬសេចក្ដីក្លាហាន?

☛កត់ត្រានៅក្នុង “ចួងជឺ”

☀ ☀ ☀ស្វាមួយក្បាលនេះ ចង់បង្ហាញពីភាពក្លាហានរបស់ខ្លួន...
ចង់ឲ្យព្រះមហាក្សត្របានពេញព្រះហឬទ័យ តែលទ្ធផលត្រូវចេតរ៉ូយ ។
មនុស្សយើងមួយចំនួនក៏មានលក្ខណៈមិនខុសពីស្វានេះដែរ...
ភ្លេចគិតថា “ សេចក្ដីក្លាហាន ” ត្រូវមានកាលៈទេសៈនិងព្រំដែន...
បើមិនដូច្នេះទេ អ្នកអាចនិង “ ចេតរ៉ូយ ” ដូចស្វានេះជាមិនខាន ។

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget